ពាក្យថាអាពាហ៍ពិពាហ៍


ពាក្យ (អាពាហ៍ពិពាហ៍) ជាការទំនាក់ទំនងចាប់ផ្តើមតាំងពីមាតាបិតាកូនប្រុស បានចូលទៅស្តីដណ្តឹងកូនស្រី ពីមាតាបិតាកូនស្រី ឲ្យទៅកូនប្រុសរបស់ខ្លួនមក។

បើមាតាបិតាកូនស្រី បានយល់ព្រមតាមសំនូមពររបស់មាតាបិតាកូនប្រុសហើយ មាតាបិតាទាំងសងខាង នឹងរៀបពិធីអាពាហ៍ពិពាហ៍កូនទាំងពីរទៅតាមប្រពៃណីខ្មែរ។ ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរពីសម័យបុរាណ ត្រូវបានរៀបចំនៅពេលដែលមនុស្ស មានពេលទំនេរច្រើនមានទ្រព្យសម្បត្តិធូរធារ ហើយកូនប្រុសកូនស្រីទាំងពីរមានចិត្តចេះស្រឡាញ់ញាតិរបស់ខ្លួន និងគោរពតាមបណ្តាំជីដូនជីតា ឲ្យចេះស្រឡាញ់មើលថែរក្សាគ្នាផង។

ការរៀបអាពាហ៍ពិពាហ៍រវាង កូនស្រី និងកូនប្រុសពីសម័យបុរាណគឺ មានរយៈពេលច្រើនថ្ងៃណាស់។ តែមកដល់នៅឆ្នាំ ១៩៤០ ដល់ ឆ្នាំ ១៩៦០ គេបានរៀបអាពាហ៍ពិពាហ៍ កូនប្រុស កូនស្រី មានរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ។

នៅក្នុងពេល៣ថ្ងៃនេះ គេត្រូវចំណាយធនធាន អស់ប្រាក់ច្រើន ពីព្រោះ បើមានរៀបអាពាហ៍ពិពាហ៍នៅភូមិណា ភូមិនោះត្រូវពន្លត់ភ្លើងចង្គ្រាន។ បានន័យថា មនុស្សនៅក្នុងភូមិនោះ ទាំងចាស់ ទាំងក្មេង មកចូលរួមជួយកិច្ចការទាំងស្រី ទាំងប្រុស ហើយនៅហូបបាយទាំប្តី ទាំងប្រពន្ធ ទាំងកូននោះឯង។ បើមានញាតិច្រើន ឬមានគេរាប់អានច្រើន គឺត្រូវចំណាយម្ហូបអាហារច្រើន ដើម្បីតម្រូវទៅតាមចំនួនមនុស្សផងដែរ។

ប្រភពៈ សៀវភៅអាពាហពិពាហ៍ខ្មែរ

តួនាទីកូនប្រសា ១០ យ៉ាង


ក្នុងឋានៈជាកូនប្រសា ត្រូវហ៊ានប្រឈមមុខនឹងការពិត ដែលកើតមានក្នុងគ្រួសារ ត្រូវព្យាយាមអនុវត្តតាមក្រិតក្រមដូចខាងក្រោម៖

១. កុំនាំភ្លើងក្នុង ចេញក្រៅផ្ទះ
កុំនិយាយដើមប្តី និយាយដើមម៉ែក្មេក ឪក្មេកបើកកកាយ ហែកកេរ្តិ៍ ឲ្យគេដឹង គេឮ ក្រែងពាក្យនោះមិនស្ងប់ស្ងាត់ឮដល់ត្រចៀកគាត់ នាំកើតរឿងអាក់អន់ចិត្តគ្នា។

២. កុំនាំភ្លើងក្រៅ ចូលក្នុងផ្ទះ
ពេលឮគេនិយាយ ចចេច ចចូចពីប្តី ឮម៉ែឪក្មេក ឬក្រុមគ្រួសារយើងកុំសូវប៉ិនយកត្រចៀកស្តាប់ កុំធ្វើជាអ្នកនាំសារពីអ្នកនេះ ទៅប្រាប់អ្នកនោះ ចាក់គាត់ឲ្យលោត ឲ្យឆេះឡើយ ជួនកាលគេស្អប់យើង គេចង់បំបែកបំបាក់យើង ក៏ថាបាន។

៣. ឲ្យដល់អ្នកដែលគួរឲ្យ
បើគេខ្ចីហើយ សងវិញ យើងគួរឲ្យខ្ចី មិនត្រូវចិត្តអាក្រក់ពេកទេ ងាយស្រួលដល់ពេលយើងខ្វះខាត យើងអាចខ្ចីគេវិញ។

៤.មិនឲ្យដល់អ្នកមិនគួរឲ្យ
អ្នកខ្ចីស៊ីដាច់ កុំឲ្យខ្ចី មិនមែនជាការចិត្តអាក្រក់ទេ តែមានន័យថា យើងចេះការពារទ្រព្យ។ ៥. ឲ្យដល់អ្នកមិនគួរឲ្យ
សាច់ញាតិ អ្នកជិតខាង មិត្តភក្តិណា ដែលក្រីក្រលំបាក តោកយ៉ាក មករកខ្ចីបុលយើង បើមានលទ្ធភាព ឲ្យគាត់យកតែម្តងទៅ កុំចង់បានពីគាត់វិញអ៊ី ព្រោះគ្នាក្រ។

៦. ចេះអង្គុយ
អង្គុយដឹងទាបខ្ពស់ មើលម៉ែ មើលឪ មើលប្តី។ ឃើញគាត់មក ចេះក្រោកទទួល រៀបចំកន្លែងជូនគាត់ ឲ្យបានសមរម្យ មិនត្រូវធ្វើឫកជំទាវចង់ឲ្យគាត់បម្រើវិញទេ។

៧. ចេះបរិភាគ
កុំស៊ីមុនប្តី បើនៅជាមួយម៉ែឪ រៀបទុកជូនគាត់ឲ្យ ហើយ។ ដាំស្លតម្រូវពួកគាត់ជាង កុំយកឆ្ងាញ់តែមាត់ឯង មិនល្អទេ។

៨. ចេះដេក
មុនដេកត្រូវរៀបចំទុកដាក់របស់របរ ឲ្យមានរបៀបរៀបរយសិន កុំចូលដេកមុនដែរម៉ែឪ មុនប្តី។ ក្រោកឡើងរវាសរវៃ ប្រញាប់ប្រញាល់ កុំដេកទ្រមក់ ឲ្យប្តីដាស់។

៩. ចេះបម្រើភ្លើង
ភ្លើង បើយើងមិនចេះប្រើ ឆេះផ្ទះខាននៅប្រើ ដាំបាយបានហូប។ ភ្លើង បានដល់ ប្តី ដែលខ្លួនត្រូវផ្គាប់ចិត្ត ដឹងទុក្ខធុរៈ យកចិត្តទុកដាក់កុំព្រងើយកន្តើយ។

១០. នមស្សការទេវតាក្នុងផ្ទះ
ឪពុកម្តាយក្មេកឈ្មោះថា ទេវតា ដែលខ្លួនត្រូវគោរព កោតខ្លាច បូជាដោយសមរម្យ មិនត្រូវព្រហើន កោងកាចដាក់ទេវតាឡើយ។

ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍
 

ចំណងរបស់ស្ត្រី និងបុរស


+ ចំណងរបស់ស្ត្រី ៥ យ៉ាង
ភរិយាត្រូវធ្វើឲ្យគ្រួសារត្រជាក់ត្រជុំ កុំឲ្យឃើញមុខគ្នាមិនបាន ដូចពាក់មុខយក្សដាក់គ្នា។ ដើម្បីរក្សាចិត្តប្តី ភរិយាគួរមានលក្ខណៈដូចខាងក្រោម ៖

១. តាក់តែងសម្អិតសម្អាងរូបរាងកាយឲ្យបានស្អាតបាត
មិនមែនអាងតែខ្លួនមានប្តី មានកូនហើយគិតថា តែខ្លួនឲ្យអ្នកណាស្រឡាញ់ទៀតនោះទេ។ បើប្រពន្ធមិនចេះថែខ្លួន អាចឲ្យប្តីបែកចិត្ត ទៅរកស្រីក្រៅមិនខាន។

២. មានទ្រព្យសម្បត្តិ
ចេះសន្សំប្រាក់កាស ទុកដាក់សម្រាប់ ប្រើប្រាស់ កុំឲ្យរស់ដោយសារប្តី ពឹងប្តីទាំងស្រុងនោះឡើយ។ យើងមានទ្រព្យច្រើន ប្តីក៏មិនហ៊ានមើលងាយយើងដែរ។

៣. មានកូន
កូនជាចំណងយ៉ាងស្អិតរបស់ប្តី ម្លោះហើយស្ត្រីណាគ្មានកូន លំបាកនឹងការពារប្តីណាស់ ព្រោះខ្លួនមិនអាចបំពេញបំណងរបស់ប្តីបាន។ គួរប្រឹងប្រែងធ្វើបុណ្យឲ្យបានច្រើន កុំពង្រាត់បង្រាស់កូនសត្វផ្សេងៗឡើយ។

៤. មានមារយាទល្អ
សុភាពរាបសា ទន់ភ្លន់ រាក់ទាក់ រួសរាយ ទឹកមុខញញឹមស្រស់ស្រាយ (មុខទទួលភ្ញៀវ) ចេះដឹងខុសត្រូវ រាក់ជ្រៅ ទាបខ្ពស់ មិនជាស្រីល្ងង់ខ្លៅ។

៥. ចេះបម្រើប្តី
ពេលប្តីត្រឡប់មកពីធ្វើការវិញមានភាពនឿយហត់ ក្នុងនាមអ្នកជាភរិយា ត្រូវចេះរៀបចំម្ហូបអាហារសម្រាប់ប្តីឲ្យបានសមរម្យ។
ស្ត្រីមានលក្ខណៈសម្បត្តិ ៥ ខាងលើនេះអាចទាក់ទាញចិត្តប្តី មិនឲ្យក្បត់ខ្លួនបាន។ តែប្តីក៏គួរចេះគិត អាណិតភរិយាផង កុំប្រើអំណាចកៀបសង្កត់ ជិះជាន់ អាងកម្លាំងឡើយ។

+ ចំណែកប្តីវិញ មានរបស់តែមួយប៉ុណ្ណោះអាចស្រូបដួងចិត្តមនុស្សស្រីបាន នោះគឺ ឥស្សរិយយស ភាពជាធំ កេរ្តិ៍ឈ្មោះល្បីល្បាញ មានគេស្រឡាញ់រាប់អានច្រើន។ លក្ខណៈនេះ ក៏មិនងាយប្រុសណាធ្វើបានស្រួលៗដែរ ព្រោះច្រើនតែបានធំ ហើយលង់ក្នុងអបាយមុខផ្សេងៗ។
ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍

ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍
 

ភរិយា ៧ ជំពូក


ខ្លួនជាស្រី ត្រូវចេះស្លូត ចេះកាច ចេះខ្លាច ចេះហ៊ាន កុំមិះៗពេក តែក៏កុំកាចឆ្នាស់ពេកដែរ។ និយាយឲ្យត្រូវរឿង កុំគ្រាន់តែលឺគេថា ក៏មករករឿងប្តីឯង កុំសូវជឿពាក្យគេចាក់ចុចពេក ក្រែងមិនបានសុខ។ 

១. ភរិយាឃាតក
ដំបូងឡើយស្រឡាញ់ប្តីយូរៗទៅ បែរជាបេតីប្រុសថ្មីវិញ ព្រោះឃើញគេមាន គេសង្ហា គេឡូយឆាយជាងប្តីឯង រកល្បិចចង់សម្លាប់ប្តីចោល។ 

២. ភរិយាចោរ
លួចលាក់ ភូតកុហក បោកប្រាស់យកទ្រព្យប្តីទៅស៊ីចាយ សប្បាយហ៊ឺហារ រាំច្រៀង ជាមួយសាហាយស្មន់ អន្ធករ។

៣. ភរិយាចៅហ្វាយ
ការឆ្នាស់ឆ្នើម ខឹងឆេវឆាវ មាត់ដាច ជេរប្រទេចផ្តាសា គំរោះគំរើយ។

៤. មាតាភរិយា
មើលខុសត្រូវ ថែរក្សា ស្រឡាញ់ប្តី ដូចម្តាយមើលកូន។

៥. ភរិយាបង
ស្រឡាញ់ ជួយទំនុកបំរុងប្តីដូចបងថែប្អូន។

៦. ភរិយាមិត្ត
ស្រឡាញ់ រាប់អាន យកអាសាប្តី ដូចមិត្តនឹងមិត្ត។

៧.ទាសីភរិយា
គោរព កោតខ្លាចប្តី ដូចទាសីបម្រើចៅហ្វាយ។

ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍

តួនាទីភរិយា ៥ យ៉ាង


ប្រពន្ធៈ ប្រែថា ចំណង
ភរិយាៈ ប្រែថា ស្រីដែលប្តីចិញ្ចឹម

ខ្លួនជាស្រីមានប្តីហើយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយ កុំឆេវឆាវ ងង៉ក់ ដូចក្មេង ក្រែងនៅមិនបានសុខ។ ភរិយាមានតួនាទីដូចខាងក្រោម៖

១.ចាត់ចែងការងារផ្ទះឲ្យបានល្អ
រៀបចំទុកដាក់សម្លៀកបំពាក់ ចានឆ្នាំង របស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឲ្យបានស្អាតបាតសមរម្យ។ កុំទុកឲ្យកើតអពមង្គល។ សរុបមកត្រូវមានមារយាទល្អ។

២. ជួយសង្គ្រោះញាតិទាំងសងខាង
លកលៃឲ្យបានសមរម្យ កុំស្គាល់តែម៉ែឪឯង ញាតិឯង កុំលបលាក់លុយកាត់ កិបកេងក្រោយខ្នងប្តីឡើយ ពេលគេដឹង មិនបានសុខទេ។

៣. កុំក្បត់ចិត្តប្តី
មិនត្រូវលបលួចលាក់ មានសាហាយស្មន់តាមតម្រេកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើឲ្យខូចពូជពង្សវង្សត្រកូល ខូចអនាគត់កូនចៅ ឈ្លោះទាស់ទែងគ្នា រកសុខគ្មានទេ។

៤. រក្សាទ្រព្យឲ្យគង់រង់
លុយកាក់ដែលប្តីរកមក ត្រូវចេះចាត់ចែងទុកដាក់ សម្រាប់ហូបចុច ប្រើប្រាស់ ឈឺថ្កាត់ ឬមានហេតុការណ៍ណាមួយ។ ចាយវាយឲ្យចេះប្រមោណ មិនត្រូវខ្ជះខ្ជាយពេកទេ ស្រីខ្លះកញ្ជើធ្លុះ យកលុយលេងល្បែង ចាក់កន្ទុយលេខ ផឹកស្រាធ្វើមារយាទថោកទាប បាត់បង់តម្លៃជាស្ត្រី។

៥. ឆ្លាតវាងវៃ មិនខ្ជិលច្រអូស
កុំដេកចាំសំណាងប្តី ចេះលៃលកឆ្លៀត រករបរនេះ របរនោះ កុំឲ្យទំនេរអត់ប្រយោជន៍។ កុំខ្ជិលងើបគូទមិនរួច ស្ងាបហាមាត់មួយចំអាម អង្គុយរកចៃមាត់ជណ្តើរ បាយមិននឹក ទឹកមិនដឹង។ ត្រូវរវៀសរវៃប្រើបញ្ញាចាត់ចែងការឲ្យបានសព្វគ្រប់។
ខាងលើនេះគឺជាកាតព្វកិច្ចរបស់ស្ត្រីជាភរិយាខានមិនបាន។ បើស្រីណាធ្វើបានហៅថា ស្រីគ្រប់លក្ខណ៍ បើស្រីណាធ្វើមិនបាន ហៅថា ស្រីខាតលក្ខណ៍ ។

ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍